ព័ត៌មាន

អ្នក​ជំនាញ​ចុះ​ពិនិត្យ​គ្រាប់បែក​អាមេរិក​ ១២ ​គ្រាប់

មណ្ឌលគិរីៈ អ្នក​បច្ចេកទេស​ ១ ​ក្រុម​មកពី​អង្គការ​ហាមឃាត់​អាវុធ​គីមី​របស់​អង្គការ​សហប្រជាជាតិ​បាន​ចាប់ផ្តើម​ចុះ​ពិនិត្យ​គ្រាប់បែក​អាមេរិក​ចំនួន ១២ គ្រាប់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ដើម្បី​កំណត់​ពី​ប្រភេទ​សារធាតុ​គីមី​របស់​វា​ឲ្យ​ច្បាស់លាស់​។

អ្នក​ជំនាញ ៤ នាក់​មកពី​អង្គការ​ហាមឃាត់​អាវុធ​គីមី​ (OPCW) ​របស់​អង្គការ​សហប្រជាជាតិ​រួម​នឹង​មន្ត្រី​ជំនាញ​កម្ពុជា​បាន​ចាប់ផ្តើម​បេសកកម្ម​របស់​ខ្លួន​ហើយ​កាលពី​ម្សិលមិញ​ក្នុង​ការ​ពិនិត្យ​គ្រាប់បែក​អាមេរិក​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​, ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​។ នេះ​បើ​យោង​តាម​លោក ជ័យ សុន អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​របស់​ក្រសួង​ការពារជាតិ​។

ក្រុម​ជំនាញ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​អង្គារ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ចុះ​ទៅ​ពិនិត្យ​គ្រាប់បែក​សរុប​ចំនួន ១២ គ្រាប់​នៅ​ភូមិ​អណ្តូង​ក្រឡឹង និង​ភូមិ​ពូហ្យាម​ស្ថិត​ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​។

លោក ជ័យ សុន ថ្លែង​ថា​៖ «​គ្រាប់​ ១២ ​នោះ​ជា​គ្រាប់​រកឃើញ​ថ្មីៗ​។ ក្នុង​នោះ​ ២ ​ធុង​នៅ​ទាំង​មូល​តែ​ម្តង​មិន​ទាន់​ផ្ទុះ​ទេ​។ នៅ​ទាំង​អាគ្រាប់​គីមី និង​អាគ្រាប់​ផ្ទុះ​ក្នុង​ហ្នុង​»​។

លោក​បន្ត​ថា​ក្រុម​ជំនាញ​របស់​ OPCW នោះ​ក៏​មាន​នាំ​យក​ឧបករណ៍​របស់​គេ​មក​ដែរ ដើម្បី​ធ្វើការ​ពិនិត្យ​គ្រាប់បែក និង​រាវ​រក​សារធាតុ​ដែល​ផ្ទុក​ក្នុង​គ្រាប់បែក​ទាំង​នោះ​ឲ្យ​បាន​ដឹង​ច្បាស់លាស់​។ លោក​ថ្លែង​ថា​៖ «​គេ​មើល​ឲ្យ​ដឹង​ថា​ជា​ជាតិ​ [​សារធាតុ​] ​ស្អី​។ គេ​យក​សារធាតុ​បន្តិចៗ​ទៅ​ពិសោធន៍ ហើយ​នៅ​ចំពោះ​មុខ​យើង​នឹង​ពិភាក្សា​គ្នា​សិន​»​។

លោក​បន្ត​ថា ​សារធាតុ​ដែល​ផ្ទុក​ក្នុង​គ្រាប់បែក​នោះ​ក៏​នឹង​អាច​យក​ទៅ​ពិសោធន៍​ក្រៅ​ប្រទេស​ផង​ដែរ​។

តាម​គម្រោង​ក្រុម​ជំនាញ​នឹង​បន្ត​ពិនិត្យ​គ្រាប់បែក​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​នឹង​បន្ត​ទៅ​ខេត្ត​ស្វាយរៀង​។ ដោយ​ឡែក​ នៅ​ថ្ងៃ​អាទិត្យ​ទី​ ១៧ ​ខែ​ធ្នូ​ក្រុម​ការងារ​នឹង​ធ្វើការ​បូក​សរុប​លទ្ធផល​ការងារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

គ្រាប់បែក​អាមេរិក​ដែល​ជា​កាកសំណល់​សង្គ្រាម​វៀតណាម​បាន​បង្ក​ភាព​ចម្រូងចម្រាស​មួយ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​។ ក្នុង​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​អះអាង​ថា គ្រាប់បែក​ដែល​រកឃើញ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​កាលពី​ដើម​ឆ្នាំ​នេះ​គឺជា​គ្រាប់បែក​គីមី​ដែល​បាន​កំពុង​តែ​បង្ក​បញ្ហា​សុខភាព​ដល់​ពលរដ្ឋ​មូលដ្ឋាន​ដូច​ជំងឺ​សើ​ស្បែក និង​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី​ជាដើម​។

ទោះ​យ៉ាង​ណា ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​អះអាង​ផ្ទុយ​ពី​នោះ​ថា​គ្រាប់បែក​នោះ​មាន​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ធម្មតា​ប៉ុណ្ណោះ​ដែល​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​។

ជនជាតិ​ដើម​ភាគតិច​ព្នង​ក្នុង​ភូមិ​ពូហ្យាម​ម្នាក់​លោក​ យ៉ូត ចាន់ថន អាយុ ៥៦ ឆ្នាំ​ដែល​ជា​ជំទប់​ទី​ ២ ​ឃុំ​សែនមនោរម្យ​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ចម្ការ​របស់​លោក មាន​ធុង​គ្រាប់បែក​ពី ៤ ទៅ ៥ គ្រាប់​ដែល​លោក​បាន​ប្រទះ​ឃើញ​ពេល​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ​នៅ​ចម្ងាយ​ប្រហែល​ជា​ ៦ ​គីឡូម៉ែត្រ​ពី​ព្រំដែន​កាលពី​ចុង​ទស្សវត្សន៍​ ៨០ ​។ ប៉ុន្តែ​នៅ​ពេល​នេះ​ធុង​ទាំង​នោះ​ត្រូវ​បាន​ស្មៅ​ដុះ​លុប​បាត់​អស់​ទៅ​ហើយ​។

លោក​ ចាន់ថន ដែល​ត្រូវ​គេ​បាញ់​ពិការ​ជើង​ស្តាំ​កាលពី​ឆ្នាំ​ ១៩៧៤ បាន​អះអាង​ថា​នៅ​ពេល​ឃើញ​ដំបូង​លោក​មិន​បាន​ដឹង​ថា​នោះ​ជា​ធុង​គ្រាប់បែក​នោះ​ទេ​។ លោក​បាន​យក​ឈើ​ឆ្កឹះ​ហើយ​ក៏​ឃើញ​មាន​ម្សៅ​ពណ៌​រាង​លឿង ដែល​ធ្វើឲ្យ​លោក​ក្តៅ​ក្រហល់​ក្រហាយ​ពេញ​មុខ​។ ប៉ុន្តែ​វា​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ​។

លោក​ ចាន់ថន ​បញ្ជាក់​ថា​៖ «​ខ្ញុំ​ឆ្ងល់​ថា​ធុង​ស្អី​គេ​ហ្នឹង​? ខ្ញុំ​ចូល​យក​ឈើ​ឆ្កឹះៗ​វា​ហ្នឹង​ឃើញ​មាន​ម្សៅ​។ ស្រាប់តែ​ចំហាយ​វា​ភាយ​មក​ផ្សា​ភ្នែក ក្រហាយ​ពេញ​មុខ​ពេញ​មាត់​តែ​ម្តង​តែ​មិន​បណ្តាល​ឲ្យ​ស្លាប់​ទេ​។ ខ្ញុំ​កាល​ហ្នុង​អត់​ដឹង​ទេ​»​។

លោក​បន្ត​ថា​ប្រហែល​ជា ២ ទៅ​ ៣ ​ថ្ងៃ​ក្រោយ​មក​ទើប​លោក​បាត់​ផ្សាមុខ​ហើយ​ចាប់​តាំងពី​ពេល​នោះ​មក​លោក​លែង​ហ៊ាន​ទៅ​ជិត​ធុង​នោះ​ទៀត​។

លោក​ ចាន់ថន ​បាន​ដឹង​ថា ​គ្រាប់បែក​នោះ​គឺ​អាមេរិក​ជា​អ្នក​ទម្លាក់​ហើយ​ម្សៅ​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​ទើប​ធ្វើឲ្យ​លោក​ផ្សា​ភ្នែក និង​មុខ​បែប​នោះ​។ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​វា​ជា​សារធាតុ​គីមី​ប្រភេទ​អ្វី​នោះ​ទេ​។

លោក​អះអាង​ថា​ក្រៅពី​រូប​លោក​គឺ​លោក​មិន​ដែល​ឮ​ថា​មាន​អ្នក​ភូមិ​ណា​ផ្សេង​ទៀត​បាន​ជួប​ប្រទះ​បញ្ហា​ដូច​លោក​នោះ​ទេ​។

លោកស្រី​ ក្វាន់ ត្រែល មេឃុំ សែនមនោរម្យ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កាលពី​ពេល​កន្លង​មក​អ្នក​ភូមិ​ម្នាក់​បាន​យក​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទៅ​អារ​ដែល​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់ និង​របួស​បងប្រុស​គេ​ម្នាក់​។ ចាប់​តាំងពី​ពេល​នោះ​មក ពលរដ្ឋ​មូលដ្ឋាន​លែង​ហ៊ាន​រើស​យក​គ្រាប់​ទៀត​ហើយ​ពួកគេ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​នៅ​ពេល​ប្រទះ​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ណា​មួយ​៕