(ទីស្តីការក្រសួងការពារជាតិ)÷ កិច្ចប្រជុំស្តីពី “ការគាំទ្រដល់ការអនុវត្តជាសកល និងប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាអន្តរជាតិស្តីពីការបង្រ្កាបអំពើភេរវកម្មនុយក្លេអ៊ែរ (International Convention for the Suppression of Acts of Nuclear Terrorism-ICSANT)”!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀត សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមីបានអញ្ជើញជាអធិបតី
ថ្លែងបើកសន្ទរកថា ជាមួយនឹងលោក Joseph Scheur អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងលោក Andreas Berg អនុប្រធានបេសកកម្ម និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក្នុងកិច្ចប្រជុំការគាំទ្រដល់ការអនុវត្តជាសកល និងប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាអន្តរជាតិស្តីពីការបង្រ្កាបអំពើភេរវកម្មនុយក្លេអ៊ែរ (ICSANT)។
សូមជ្រាបផងដែរថា កិច្ចប្រជុំនេះប្រព្រឹត្តទៅរយ:ពេល១ថ្ងៃ គឺនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ហើយបន្តដោយសិក្ខាសាលាជាតិស្តីពី “ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគម្រាមកំហែង ដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ” ដែលមានរយ:ពេលចំនួន៤ថ្ងៃទៀត គឺនៅថ្ងៃទី២៤-២៧ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី មន្រ្តីUNOCT-UNCCT, UNODC, UNICRI-EU CBRN CoE, IAEA និងមន្រ្តីអន្តរក្រសួងស្ថាប័នកម្ពុជាជាច្រើនរូបផ្សេងទៀត ដោយមានគោលបំណង÷
-បង្កើនការយល់ដឹងអំពីអនុសញ្ញាអន្តរជាតិ ស្តីពីការបង្រ្កាបអំពើភេរវកម្មនុយក្លេអ៊ែរ (ICSANT)
-បង្កើនសមត្ថភាពមន្រ្តីជំនាញស្តីពី មូលដ្ឋានគ្រឹះនៃការគម្រាមកំហែងវិទ្យុសកម្ម និងនុយក្លេអ៊ែរ
-កំណត់បញ្ហាប្រឈមនៃការគម្រាមកំហែងដោយវិទ្យុសកម្ម និងនុយក្លេអ៊ែរ។
ពិធីប្រកាសបើកកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។



